Bruno Fernandes បានទំលាយថា រូបគេមានការចាប់អារម្មណ៍ក្នុងការផ្ទេរមកកាន់ Manchester United នៅពេលដែល មិត្តរួមជាតិ Cristiano Ronaldo បានមកចូលរួមជាមួយក្លឹប ហើយរូបគេចង់ដើរតាមគន្លងរបស់ ម្ចាស់ពាន Ballon d’Or ៥សម័យ ដោយផ្លាស់មកកាន់ទឹកដី Old Trafford។
កាលនោះ Ronaldo បានក្លាយជាកីឡាករវ័យក្មេង ដែលមានតម្លៃថ្លៃបំផុត នៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់អង់គ្លេស នៅពេលដែលរូបគេបានផ្លាស់ពី Sporting Lisbon ក្នុងតម្លៃ ១២លានផោន មុនរដូវកាល ២០០៣/០៤ មកដល់ ហើយកីឡាករព័រទុយហ្គាល់រូបនេះ បានអភិវឌ្ឍខ្លួនបានយ៉ាងល្អ ក្រោមការដឹកនាំដោយលោក Sir Alex Ferguson មុនពេលដែលក្លាយជាកំពូលកីឡាករមួយរូបនៅលើពិភពលោក។
ហើយ Fernandes បានដើរតាមគន្លងរបស់រៀមច្បង Ronaldo នៅពេលដែលរូបគេបានចាកចេញពី Sporting មកចូលរួមជាមួយ Man United ក្នុងតម្លៃខ្លួន ៥៥លានអឺរ៉ូ កាលពីខែមករាកន្លងទៅ ហើយរូបគេទទួលបានការស្រលាញ់ពេញចិត្តមិនខុសពី CR7 ប៉ុន្មានទេ សម្រាប់ការចាប់ផ្ដើមអាជីពរបស់ខ្លួននៅ Old Trafford។
Fernandes បាននិយាយថា៖ “សម្រាប់ខ្ញុំ តាំងពីខ្ញុំនៅក្មេង វាជាក្ដីសុបិននៃការលេងសម្រាប់ Manchester United។ United គឺជាក្លឹបធំមួយ នៅលើលោក។ អ្នកមើលពីអតីតកាល ហើយនៅពេលដែលខ្ញុំនៅពីក្មេង អ្នកមើលទៅកីឡាករដែលលេងនៅ Manchester United ហើយអ្នកឃើញ កំពូលតារាបាល់ទាត់នៅក្នុងលោក។”
“ខ្ញុំកាន់តែចាប់អារម្មណ៍ទៅលើ Manchester នៅពេលដែល Cristiano បានមកលេងនៅទីនេះ ព្រោះវាធម្មតានៅពេលដែលអ្នកមាន កីឡាករព័រទុយហ្គាល់(មិត្តរួមជាតិ)នៅក្នុងក្រុមណាមួយ អ្នកនឹងមើលក្រុមនោះជាងក្រុមដទៃ។”