ម្ដាយរបស់អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានស្លាប់ បន្ទាប់ពីឆ្លងវីរុសកូរ៉ូណាក្នុងវ័យ៨២ឆ្នាំ។
លោកស្រី Dolor Sala Carrio បានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីចេញរោគសញ្ញាក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ស្របពេលដែល City ប្រកាសដំណឹងដ៏ក្រៀមក្រំនេះកាលពីរសៀលថ្ងៃច័ន្ទ។ ក្រុមគ្រួសារ Man City បានចូលរួមរំលែកទុក្ខ ចំពោះគ្រួសាររបស់ Pep ដែលបាត់បង់មនុស្សជាទីស្រឡាញ់។
កាលពីខែមុន Guardiola បានចំណាយប្រាក់ផ្ទាល់ខ្លួន១លានអឺរ៉ូទៅកាន់ប្រទេសអេស្ប៉ាញដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតមួយនេះ។ ថវិកាទាំងនេះនឹងត្រូវប្រើដើម្បីទិញឧបករណ៍វេជ្ជសាស្ត្រនិងសម្ភារៈការពារសម្រាប់បុគ្គលិកដែលចូលរួមក្នុងការព្យាបាលអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
Barcelona គឺជាតំបន់មួយក្នុងប្រទេសអេស្ប៉ាញដែលមានករណីឆ្លងច្រើនជាងគេ។ គិតត្រឹមថ្ងៃច័ន្ទមានចំនួនអ្នកស្លាប់ចំនួន១៣ ០៥៥នាក់បានស្លាប់នៅអេស្ប៉ាញ៕