លោក Javier Tebas ប្រធានស្ថាប័នលីគកំពូលអេស្ប៉ាញបានលើកឡើងថា ការប្រកួត El Clasico គួររៀបចំពេលវេលាប្រកួតដើម្បីតម្រូវអ្នកទស្សនានៅក្រៅប្រទេស ជាពិសេសនៅទ្វីបអាស៊ី និងសហរដ្ឋអាមេរិច ជាជាងគិតដល់អ្នកទស្សនាក្នុងប្រទេស។
ចាប់តាំងពីពេលចូលកាន់តំណែងរបស់លោក Tebas កាលពីខែមេសា ឆ្នាំ២០១៣ ការកំណត់ម៉ោងចាប់ផ្ដើមប្រកួតរបស់ស្ថាប័នលីគកំពូលអេស្ប៉ាញចាប់ផ្ដើមប្រែប្រួល ដើម្បីបង្កើនចំនួនអ្នកទស្សនាពាសពេញពិភពលោក។
ការសម្រេចចិត្តរៀបចំការប្រកួតនៅថ្ងៃចន្ទ បានញ៉ាំងឱ្យមានការតវ៉ាពីអ្នកគាំទ្រ បង្ខំឱ្យសហព័ន្ធបាល់ទាត់អេស្ប៉ាញត្រូវអន្តរាគមកាលពីដើមឆ្នាំនេះ ហើយលុបចោលការប្រកួតទាំងឡាយណាដែលរៀបចំនៅថ្ងៃចន្ទ។
ហើយលោក Tebas រងការរិះគន់ម្ដងទៀត ពេលដែលការប្រកួតរវាងក្លឹប Real Madrid និង Barcelona ត្រូវបានលើកពេលពីថ្ងៃសៅរ៍ទី២៦ ខែតុលា មកប្រកួតនៅថ្ងៃពុធទី១៨ ខែធ្នូវិញ ដោយចាប់ផ្ដើមប្រកួតនៅម៉ោង ៨យប់ ម៉ោងនៅអឺរ៉ុបភាគកណ្ដាល។
មានន័យថា អ្នកទស្សនានៅទ្វីបអាស៊ីត្រូវរង់ចាំទស្សនាដល់វេលាទៀបភ្លឺ ចំកណ្ដាលសប្ដាហ៍ ប៉ុន្តែលោក Tebas បានទទូចថាការប្រកួតគូសំខាន់បែបនេះ គួររៀបចំម៉ោងចាប់ផ្ដើមប្រកួតដោយគិតដល់អ្នកទស្សនានៅក្រៅប្រទេស។
លោក Tebas បាននិយាយប្រាប់សារព័ត៌មាន Guardian ថា៖ “ការប្រកួតមួយក្នុងចំណោមការប្រកួត Clasico ទាំងពីរក្នុងរដូវកាលមួយ គួររៀបចំម៉ោងតម្រូវអ្នកទស្សនានៅអាស៊ី ហើយមួយលើកទៀតសម្រាប់អ្នកទស្សនានៅអាមេរិចទស្សនាក្រៅពីម៉ោងសម្រាកពេលយប់របស់ពួកគេ”។
“គួរកត់សម្គាល់ដែរថា អ្នកទស្សនាជនជាតិអេស្ប៉ាញ មិនមែនមានតែនៅអេស្ប៉ាញនោះទេ”។
“យើងក៏គួរគោរពចំពោះអ្នកទស្សនានៅអាស៊ី និងអាមេរិចផងដែរ ពួកគេក៏បានរួមចំណែកបង់ប្រាក់សម្រាប់ការចុះឈ្មោះទូរទស្សន៍ ដែលចូលរួមចំណែកដល់ក្លឹប និងកីឡាករផងដែរ ធ្វើឱ្យលីគកំពូលអេស្ប៉ាញក្លាយជាផលិតផលសកលមួយ”៕